មនុស្សគ្រប់រូបតែងតែប្រឹងប្រែងខ្លាំងដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេសរបស់ខ្លួន ដើម្បីអោយខ្លួនពូកែជាងអ្នកដ៏ទៃ។ នេះជារឿងល្អប្រសើរមួយរបស់អ្នក។ ប៉ុន្តែអ្នកត្រូវស្វែងយល់បន្ថែមថា ត្រឹមតែមានជំនាញសម្ថភាពពូកែតែមួយមុខ ក៏មិនប្រាកដធ្វើអោយអ្នកជោគជ័យក្នុងការងារ ឬជីវិតបានដែរ។ ឧទាហរណ៌ អ្នកមិនមានទំនាក់ទំនងល្អជាមួយអ្នកដែលនៅជុំវិញខ្លួន ឬអ្នកមិនស្គាល់សាវតាច្បាស់លាស់របស់អ្នកដែលអ្នកធ្វើការជាមួយ នោះទោះបីជាអ្នកមានសម្ថភាពជំនាញខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកប្រហែលជាមិនអាចសម្រេចការងារជាក្រុមណាមួយបានដែរ។
ដូចនេះប្រសិនបើអ្នកមានសម្ថភាពជំនាញខ្លាំងហើយ នោះវាជាចំនុចខ្លាំងរបស់អ្នកដែលចាត់ទុកបានថាជាអ្នកពូកែ ប៉ុន្តែប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែដែលជោគជ័យ អ្នកត្រូវចំណាយពេលខ្លះរៀបចំយុទ្ធសាស្រ្តដើម្បីបង្កើនភាពខ្លាំងរបស់អ្នក។
១. យុទ្ធសាស្រ្តទំនាក់ទំនង
អ្នកត្រូវយល់ថាបង្កើនមិត្ត គឺប្រសើរជាងបង្កើនសត្រូវ។ អ្នកត្រូវមានភាពរួសរាយ និងប្រាស្រ័យល្អជាមួយមនុស្សគ្រប់លំដាប់ថ្នាក់។ អ្នកមិនត្រូវមើលងាយមនុស្ស និងមិនត្រូវឆាប់វាយតម្លៃមនុស្ស ដោយត្រឹមតែមើលគេតែសំបកក្រៅ។ អ្នកត្រូវចេះផ្តល់សេចក្តីគោរពស្រលាញ់ចំពោះអ្នកដទៃ។ ជាពិសេស អ្នកត្រូវចំណាយពេលច្រើនជាមួយអ្នកដែលអាចជួយអ្នកសម្រេចកិច្ចការ និងគោលបំណងរបស់អ្នក។
២. យុទ្ធសាស្រ្តមើលមនុស្ស
អ្នកត្រូវចំណាយពេលស្វែងយល់ពីប្រភេទមនុស្សដែលអ្នកកំពុងធ្វើការជាមួយ។ ចំនុចដែលអ្នកត្រូវមើលលើមនុស្សមានដូចជា៖
សន្តានចិត្ត
មាយាទ
របៀបរបបធ្វើការ និងរស់នៅ
ផ្នត់គំនិត
ប្រភេទមនុស្សដែលពួកគេចូលចិត្តដើរជាមួយ
ប្រសិនបើអ្នកអាចចាប់ចំនុចបានថាគេជាមនុស្សប្រភេទអ្វីហើយ នោះអ្នកនឹងមានភាពងាយស្រួលក្នុងការធ្វើការជាមួយពួកគេ។
៣. យុទ្ធសាស្រ្តការងារ
អ្នកត្រូវចំណាយពេលរៀបផែនការការងារមុនពេលអ្នកចូលគេង ឬយ៉ាងហោយណាស់ពេលព្រឹកព្រលឹមមុនពេលចូលធ្វើការ។ ការធ្វើបែបនេះ នឹងអាចជួយអោយអ្នកយល់ច្បាស់ពីការងារ និងដឹងច្បាស់ថាតើនៅថ្ងៃនេះអ្នកត្រូវចំណាយពេលធ្វើអ្វីខ្លះ?
Train People to be Professionals |
ដោយ៖កូនខ្មែរ