·
របៀបថ្លឹងទម្ងន់ខ្លួន
ការថ្លឹងទម្ងន់ ត្រូវជ្រើសរើសពេលវេលា
និងលក្ខខ័ណ្ឌសមស្រប ទើបយកជាការបាន។គប្បីថ្លឹងទម្ងន់តែមួយដងបានហើយក្នុងមួយសប្ដាហ៍
ការថ្លឹងមិនមែនចេះតែធ្វើឡើងគ្រប់ពេលរៀងរាល់ថ្ងៃ តាមចិត្តចង់ ឫនឹកឃើញឡើយ។ អ្នកត្រូវថ្លឹងនៅពេលព្រឹកព្រលឹម
មិនទាន់បរិភោគ គ្មានសម្លៀកបំពាក់ ឫស្លៀកសម្លៀកបំពាក់ស្ដើងដដែលៗដោយប្រើប្រាស់ជញ្ជីងតែមួយដដែលៗ។អ្នកខ្លះទម្លាប់ថ្លឹងរៀងរាល់ថ្ងៃ
មិនអនុវត្តតាមគោលការណ៍ជាក់លាក់ ជាកត្តាមួយជះឥទ្ធិពលអាក្រក់ដល់លំនឹង ឫស្ថេរភាពទម្ងន់
ឫប្រសិទ្ធភាពនៃការសម្រកទម្ងន់។យ៉ាងណាមិញ សម្លៀកបំពាក់ ឫគ្រឿងអលង្ការនៅលើខ្លួន
អាចនាំឲ្យទម្ងន់មិនទៀងទាត់ឡើងចុះជាដើម។ម៉្យាងទៀត ពីព្រឹកទល់ល្ងាច បន្ទុក ឫវត្តមានជាតិទឹកនៅច្រាលក្នុងខ្លួន
ដែលបានមកពីចំនីអាហារ ឫការប្រែប្រួលនៃអ័រម៉ូន(ជាពិសេសលើស្រ្ដីភេទ) អាចឡើងទម្ងន់ដល់ទៅមួយគីឡូក្រាមឯណោះ។ហេតុនេះ
ការថ្លឹងទម្ងន់ដែលធ្វើឡើងមិនមានគោលការណ៍ច្បាស់លាស់ អាចប្រាប់ទម្ងន់មិនពិតដែរ។
·
វិធីវាយតម្លៃទម្ងន់ខ្លួន
នៅពេលយើងឈរថ្លឹងលើជញ្ជីងមួយ តើយើងដឹងទម្ងន់អ្វីខ្លះ? ទម្ងន់ខ្លួនទាំងមូលផ្សំឡើងដោយឆ្អឹង សាច់ដុំ ម៉ាសខ្លាញ់
សរីរាង្គក្រៅ សរីរាង្គក្នុង សរសៃប្រសាទ និងជាតិទឹក។ នៅលើខ្លួនមនុស្សប្រុសមានម៉ាសខ្លាញ់ជាមធ្យមចំនួន១៥
ទៅ២០%នៃទម្ងន់ខ្លួន ឯមនុស្សស្រីមានម៉ាសខ្លាញ់ចំនួនពី១៧ ទៅ ២៣ភាគរយ។ធាត់ជាការឡើងលើសនៃម៉ាសខ្លាញ់នេះ
នៅពេលម៉ាសខ្លាញ់ឡើងលើស១០%ពីតម្លៃភាគរយមធ្យម។ ចុះតើត្រូវធ្វើដូចម្ដេចដើម្បីវាស់បរិមាណពិតនៃម៉ាសខ្លាញ់របស់បុគ្គលម្នាក់ៗ?
ពិតជាពិបាករកចម្លើយណាស់។ការវាស់កម្រាស់ផ្នត់ស្បែកដោយដែកឈាន ឫប្រពាយ គឺជាវិធីមួយក្នុងចំនោមវិធីផ្សេងៗ
ប៉ុន្តែការវាស់នេះនៅតែមិនប្រាកដប្រជាយកជាការបានដដែល។
ទោះបីជាជញ្ជីងមិនអាចថ្លឹងម៉ាសខ្លាញ់ ឫសរីរាង្គមួយបានមែនក៏ដោយក៏យើងអាចវាយតម្លៃការលើសជាតិខ្លាញ់
និងការធាត់ដោយប្រើរូបមន្ដ វិធី ឫតារាងផ្សេងៗបានខ្លះដែរ។
· ដកស្រង់ចេញពី៖ ១០នាទី ដើម្បីសម្រស់រាងកាយ និងសុខភាពល្អ
ដ វេជ្ជបណ្ឌិត លី ចេងហ៊ុយ