Thursday, June 15, 2017

ទម្ងន់ខ្លួនត្រឹមត្រូវ ដែលយើងគួរយល់ដឹង


·         របៀបថ្លឹងទម្ងន់ខ្លួន
          ការថ្លឹងទម្ងន់ ត្រូវជ្រើសរើស​ពេលវេលា​ និងលក្ខខ័ណ្ឌ​សមស្រប​ ទើបយកជា​ការ​បាន​។​គប្បីថ្លឹងទម្ងន់​តែមួយដង​បានហើយក្នុងមួយសប្ដាហ៍​ ការថ្លឹង​មិនមែន​ចេះតែធ្វើឡើងគ្រប់ពេល​រៀងរាល់ថ្ងៃ​ តាមចិត្តចង់ ឫនឹកឃើញ​ឡើយ។​ អ្នកត្រូវថ្លឹង​នៅពេលព្រឹកព្រលឹម​ មិនទាន់​បរិភោគ គ្មានសម្លៀកបំពាក់ ឫស្លៀកសម្លៀកបំពាក់ស្ដើងដដែលៗដោយប្រើប្រាស់ជញ្ជីង​តែ​មួយដដែលៗ។​អ្នកខ្លះ​ទម្លាប់​ថ្លឹង​រៀងរាល់​ថ្ងៃ​ មិនអនុវត្តតាម​គោលការណ៍​ជាក់លាក់ ជាកត្តា​មួយជះឥទ្ធិពល​អាក្រក់ដល់លំនឹង ឫស្ថេរភាពទម្ងន់​ ឫ​ប្រសិទ្ធភាព​នៃការសម្រកទម្ងន់។យ៉ាង​ណាមិញ សម្លៀកបំពាក់ ឫគ្រឿងអលង្ការ​នៅ​លើខ្លួន​ អាចនាំ​ឲ្យទម្ងន់មិនទៀងទាត់​ឡើង​ចុះជាដើម។​ម៉្យាងទៀត​ ពីព្រឹកទល់ល្ងាច​ បន្ទុក ឫវត្តមាន​ជាតិទឹក​នៅច្រាលក្នុងខ្លួន​ ដែលបានមកពីចំនីអាហារ ឫ​ការប្រែប្រួល​នៃ​អ័រម៉ូន​(ជាពិសេស​លើស្រ្ដីភេទ)​ អាចឡើង​ទម្ងន់ដល់ទៅមួយគីឡូក្រាម​ឯណោះ។​ហេតុនេះ ការថ្លឹង​ទម្ងន់​ដែលធ្វើឡើង​មិនមាន​គោលការណ៍​​ច្បាស់លាស់​ អាចប្រាប់​ទម្ងន់​មិន​ពិតដែរ។
·         វិធីវាយតម្លៃ​ទម្ងន់ខ្លួន
នៅពេលយើងឈរថ្លឹងលើជញ្ជីងមួយ តើយើងដឹងទម្ងន់អ្វីខ្លះ?  ទម្ងន់ខ្លួនទាំង​មូលផ្សំឡើងដោយ​ឆ្អឹង សាច់ដុំ ម៉ាសខ្លាញ់​ សរីរាង្គក្រៅ សរីរាង្គក្នុង​ សរសៃប្រសាទ និងជាតិទឹក។ នៅលើខ្លួនមនុស្សប្រុស​មានម៉ាសខ្លាញ់​ជាមធ្យម​ចំនួន​១៥ ទៅ​២០%នៃ​ទម្ងន់ខ្លួន ឯមនុស្សស្រី​មានម៉ាសខ្លាញ់ចំនួន​ពី​១៧ ទៅ ២៣ភាគរយ។​ធាត់ជាការឡើងលើសនៃ​ម៉ាស​ខ្លាញ់​​​នេះ នៅពេលម៉ាសខ្លាញ់ឡើងលើស១០%​ពីតម្លៃភាគរយ​មធ្យម​។ ចុះតើត្រូវធ្វើដូចម្ដេច​ដើម្បី​វាស់​បរិមាណពិត​នៃ​ម៉ាសខ្លាញ់របស់បុគ្គលម្នាក់ៗ? ពិតជាពិបាក​រកចម្លើយណាស់​។​ការវាស់​កម្រាស់​ផ្នត់​ស្បែក​ដោយដែកឈាន​ ឫប្រពាយ​ គឺជាវិធី​មួយក្នុង​ចំនោមវិធីផ្សេងៗ​ ប៉ុន្តែការវាស់​នេះ​នៅតែ​មិនប្រាកដ​ប្រជា​យកជាការបានដដែល។​
ទោះបីជាជញ្ជីងមិនអាច​ថ្លឹង​ម៉ាសខ្លាញ់​ ឫសរីរាង្គមួយបានមែន​ក៏ដោយ​ក៏យើង​អាចវាយតម្លៃ​ការលើស​ជាតិខ្លាញ់​ និងការធាត់​ដោយប្រើរូបមន្ដ​ វិធី ​ឫតារាង​ផ្សេងៗបានខ្លះ​ដែរ។



·    ​ដកស្រង់ចេញពី៖ ១០នាទី ដើម្បីសម្រស់រាងកាយ និងសុខភាពល្អ
ដ  វេជ្ជបណ្ឌិត លី ចេងហ៊ុយ





No comments:

Post a Comment