Monday, September 18, 2017

គន្លឹះបើកបរដោយសុវត្ថិភាពពេលបើកបរ

ជាធម្មតារថយន្តត្រូវបានវិស្វករផលិតរថយន្ត បង្កើតលក្ខណៈពិសេសៗដើម្បីជួយការពារនិងផ្តល់សុវត្តិភាពដល់អ្នកបើកបរនិងអ្នករួមដំណើរជាមួយ។ ក្នុងក្របខណ្ឌនេះ គ្រោះថ្នាក់ចរាចរណ៌ ភាគច្រើនគឺបណ្តាលមកពីកត្តាមនុស្ស។ ដូចនេះ យើងខ្ញុំសូមលើកយកការប្រុងប្រយ័ត្នក្នុងការបើកបរដែលពាក់ព័ន្ធនឹងកត្តាមនុស្សដូចខាងក្រោម៖

១. សូមកុំលេបថ្នាំ ហើយបើកបរ



ការលេបថ្នាំ ដើម្បីបំបាត់គ្រុនក្តៅ ផ្តាសាយ  ឫ ការលេបថ្នាំច្រើនជ្រុល អាចប៉ះពាល់ដល់អារម្មណ៌របស់អ្នកនៅពេលបើកបរ។ ប្រសិនបើអ្នកមានអារម្មណ៌មិនល្អ ឫមិនទុកចិត្តខ្លួនឯងក្នុងការបើកបរ សូមកុំបើកបរអោយសោះ ហើយអោយគេបើកជំនួសវិញ។

២. សូមកុំអោយមានការរំខាននៅពេលបើកបរ

ការនិយាយទូរស័ព្ទនៅពេលបើកបរលឿន​ ការសរសេរសារ ឫការឆែកហ្វេសប៊ុកកំពុងបើកបរ ធ្វើអោយអ្នកបើកបរមិនសូវផ្តោតអារម្មណ៌លើការបើកបរ  និងអាចបង្កអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ។

យើងឃើញថា អ្នកបើកបរជាច្រើនបានដាក់កូនអង្គុយនៅក្បែរកន្លែងអ្នកបើកបរ។ នេះក៏ជាកត្តាដែលធ្វើអោយអ្នកបើកបរមិនសូវមានអារម្មណ៌មូលក្នុងការបើកបរដែរ។ ករណីជាក់ស្តែងមួយ គឺ Admin បានជិះរថយន្តតាមបណ្តោយផ្លូវលេខ៥៩៨ ចេញពីរង្វង់មូលកាំកូ ក៏វាក់នឹងរថយន្តមួយ ដែលហាក់ដូចជាមិនបានមើលឆ្វេងស្តាំចេញស្ទុយពីផ្លូវក្នុងកាត់ទទឹងផ្លូវធំដែលAdmin កំពុងជិះ ធ្វើអោយAdmin គេចស្ទើរគ្រេចចង្កេះ។ Admin សម្លឹងមើលក្នុងឡានឃើញមានកូនក្មេងនៅខាងមុខ។ តែក៏អាចថាបានដែរថា គាត់បើកមិនខ្វល់ពីអ្នកណាទាំងអស់ពីព្រោះ នៅភ្នំពេញនាថ្ងៃទី២បុណ្យចូលឆ្នាំខ្មែរ​មិនសូវមានឡានបើកបរច្រើនទេ។
ទោះជាយ៉ាងណាសូមកុំដាក់កូនអង្គុយនៅខាងមុខ ជាពិសេសនៅពេលបើកបរផ្លូវឆ្ងាយ។  



៣. សូមកុំបើកបរនៅពេលងងុយគេង

អ្នកត្រូវគេងអោយបានគ្រប់គ្រាន់នៅពេលយប់ ប្រសិនបើអ្នកត្រូវបើកឡាននៅពេលព្រឹក។ ប្រសិនបើអ្នកងងុយគេងខ្លាំងនៅពេលបើកបរ អ្នកអាចឈប់សំរាក់១៥នាទីយ៉ាងតិច ទើបបន្តដំណើរទៅមុខទៀត។ ម្យ៉ាងទៀត អ្នកអាចញុំរបស់អ្វីដែលជូរៗ ដើម្បីជួយកាត់បន្ថយការងងុយគេងរបស់អ្នក ប្រសិនបើអ្នកចាំបាច់ត្រូវតែបើកបរ ប៉ុន្តែដើម្បីសុវត្ថិភាពអ្នក និងក្រុមគ្រួសាររួមទាំងអ្នកដទៃ សូមអ្នកកុំបើកបរអី។ 





៤. សូមគ្រប់គ្រងល្បឿនរបស់អ្នក

សូមអ្នកកុំបើកបរលឿនពេកនៅពេលជិះផ្លូវឆ្ងាយ ពីព្រោះអ្នកអាចនឹងវាក់នឹងសត្វដែលរត់ចេញពីព្រៃ ឫអ្នកថ្មើរជើង ឫអ្នកភូមិដែលរត់កាត់ថ្នល់ភ្លាមៗ។
នៅពេលអ្នកមានអារម្មណ៌ថា អ្នកមិនអាចគ្រប់គ្រងរថយន្តបានក្នុងល្បឿនដែលអ្នកកំពុងបើកបរ សូមប្រញាប់បន្ថយល្បឿនភ្លាម។​
ជាធម្មតាហើយថា អ្នកខ្លាចខាតពេលទើបបើកបរអោយលឿនដើម្បីអោយឆាប់ដល់ ក៏ប៉ុន្តែអ្នកអាចខាតពេលជាងនេះទៀត ប្រសិនបើជួបគ្រោះថ្នាក់ចរាចរណ៌។


៥. សូមកុំពិសារគ្រឿងស្រវឹងបើអ្នកត្រូវបើកបរ

ជាធម្មតា យើងច្រើននិយាយថា ដាក់ប៉ុណ្ណឹងមិនអីទេ!​ តែអ្នកត្រូវដឹងថាដាក់ប៉ុណ្ណឹងមិនស្រវឹងក៏ដោយ ក៏អាចអោយអ្នកមានអារម្មណ៌ងងុយគេង ឫអារម្មណ៌ធីងធោងខ្លះដែរ និយាយរួមអ្នកមានអារម្មណ៌មិនមូលក្នុងការបើកបរ។

សូមកុំពិសារគ្រឿងស្រវឹង សូម្បីតែបន្តិចក៏ដោយ បើអ្នកពិតជាខ្វាយខ្វល់ និងស្រលាញ់ខ្លួនអ្នក ក្រុមគ្រួសារ និងជីវិតអ្នកដ៏ទៃ។




សូមអរគុណ!

VattanacPheap

No comments:

Post a Comment